មៀនជាផ្លែឈើប្រភេទថ្លៃនៅលើទីផ្សារ ។ វាផ្ដល់នូវជាតិស្ករជាច្រើនសំរាប់ជាថាមពលទ្រទ្រង់កំលាំង ។ គេនិយមហូបវាហាក់គ្រាន់តែឆ្ងាញ់មាត់ មិនអាចឆ្អែតបាន ព្រោះសាច់វាតិច ។ វាជាប្រភេទឈើខ្នាតមធ្យម កន្ទ្រែត ត្រសុំសាខា អោយម្លប់ជានិច្ច ។
ការរើសពូជ
- ទិញកូនពូជពីផ្សាររកភាពប្រាកដមិនបានទេ ដូច្នេះយើងគួរសំលឹងរកផ្លែណាដែលយើងពេញចិត្តគឺធំ សាច់ក្រាស់ ទឹកច្រើន ។ ប៉ុន្តែពូជម្យ៉ាងហៅថា "ជូហ៊ុត" មានផ្លែតូច សាច់ក្រាស់ មានការលក់ពុំ ទូលំទូលាយនៅលើទីផ្សារទេ ព្រោះក្នុងរង្វង់អ្នកមធ្យមគេពុំ ហ៊ានទិញ ដោយថ្លៃវាខ្ពស់ ។
- ផ្លែធំដូចគ្នា តែរើសគ្រាប់តូចជាងគេ យកទៅបណ្ដុះ ។
ការបណ្ដុះគ្រាប់
- យើងដាំក្នុងរណ្ដៅតែម្ដងក៏បាន ប៉ុន្តែខាតកំលាំងថែទាំ ពីតូច ច្រើនជាងដាំកូន ។
- បណ្ដុះវាក្នុងថ្នាលតូចដូចបណ្ដុះខ្នុរ ។ រៀបចំដីដូចគ្នា គឺអោយធូរលី មានជីកំប៉ុង២បង្គី និងផេះអង្កាម២បង្គី លាយច្របល់ចូលគ្នាសព្វ ចាក់វាសលើថ្នាលតូច ១ម៉ែត្របួនជ្រុង ។
- កប់គ្រាប់អោយលិចល្ហែលៗ ចំងាយ១ទោមពីគ្នា រួចគ្របធាងដូង ការពារកុំអោយមាន់កកាយ ។
- គ្រាប់ខ្លះដុះខ្នែងច្រើនពីក្រោមឡើងតែម្ដង ។
- យើងត្រូវការបួនដើមទេ តែត្រូវដាក់គ្រាប់៥០ ទៅ៦០ សំរាប់រើសយកកូនមាំល្អ ។
- កូនដុះបាន១ទះ ត្រូវព្យាយាមស្រោចទឹកនោម លាយខ្នាត២ត្រលោកក្នុងទឹកកន្លះប៉ោត រាល់៣ថ្ងៃម្ដង ដើម្បីអោយកូនស្ទុះលឿន ។ នៅកំពស់១ចំអាម ត្រូវដកកូនតូចជាងគេចេញ ។
ការរើសទី
- យើងដាំ១ជួរនៅមុខផ្ទះ តែកុំអោយអមផ្លូវ ព្រោះសំណុំដើមវាទាបណាស់ អាចទើសទែងដល់ឡានចេញចូល ពេលដឹកទំនិញម្ដងៗ ។
- យើងដាក់ផែនការដាំតែ៤ដើមបានហើយ ហើយចំងាយ៤ម៉ែត្រពីមុខផ្ទះ នឹងមានចំងាយ៧ម៉ែត្រពីដើម១ ទៅដើម១ ។ មៀនមិនចាញ់ទឹកដូចខ្នុរទេ ។
ការរៀបរណ្ដៅ
- កាលណាបណ្ដុះគ្រាប់រួចហើយ យើងត្រូវរៀបរណ្ដៅរង់ចាំ ព្រោះរណ្ដៅមិនអាចដាំភ្លាមបានទេទោះ ដាក់ជីហើយក្ដី ក៏ពេលខ្លីពេក ធ្វើអោយកូនដំណាំពុំស្ទុះលឿនដែរ ។
- រណ្ដៅខ្នាត០.៨០ ម x ០.៨០ ម x ០.៨០ ម ជារណ្ដៅខ្នាតមធ្យម ។ យើងអាចរៀបយកខ្នាត១ម៉ែត្រ បួនជ្រុង ជំរៅ៨តឹក " គឺ ១ម x ១ម x ០.៨ ម តាមរបៀបម្យ៉ាងទៀត ប្លែកពីរណ្ដៅដាំឫស្សី ។ យើងចាប់ជីករណ្ដៅមាត់លើ១ម៉ែត្របួនជ្រុងយកអាចម៍ដីសើលើ ១ហត្ថដាក់ម្ខាង រួចយកស្រទាប់ក្រោម១ហត្ថទៀតដាក់ម្ខាង ។ ដីស្រទាប់ក្រោមនេះមិនសូវល្អទេ បើមានទីទាបគួរជញ្ចូនដាក់ទីទាប ចុះ ។ បាតរណ្ដៅត្រូវជ្រុំបំបែកដីផង ។ រណ្ដៅជីកចោល១ខែ ដើម្បីអោយដីឥដ្ឋស្ងួត ទើបស្រួយផុយពេលត្រូវទឹក ។ រណ្ដៅ៤នេះត្រូវ ធ្វើជាតំណាក់ បើរួចត្រូវរួចស្មើគ្នា ។ ដាក់ជញ្ជ្រាំង ឬសំរាមអោយគោដេកយ៉ាងក្រាស់ ដើម្បីអោយជុបទឹកនោមសព្វ ទើបប្រមូលរួម ទាំងអាចម៍គោផងមកដាក់ញាត់ក្នុងរណ្ដៅទាំង៤មានកំរាស់២តឹក ស្រោចទឹក ជាន់អោយណែន ទើបកាប់រ៉េះរណ្ដៅ ទំលាក់ដីគ្រប សំរាមកំរាស់១ទះ ។ យើងធ្វើរបៀបនេះអោយបាន៣ជាន់ ទើបពេញរណ្ដៅ ។ រីឯជាន់លើបំផុតត្រូវទាញអាចម៍កដីលប់អោយកំពង់ ព្រោះពេលចំបើង និងជញ្ជ្រាំងរលួយ អាចស្រុតទាបវិញ ។ យើងធ្វើរបៀបនេះដូចគ្នានឹងការរៀបរណ្ដៅ ផ្សំជីកំប៉ុសដែរ ។ ទីណា ជិតក្រោលគោគួរតែធ្វើរបៀបនេះឯង ។ យើងដាំតិចតែទទួលផលច្រើន ប្រសើរជាងដាំចោលដើមច្រើន តែបានផ្លែតិច ។
- បើរណ្ដៅឋិតនៅចំស្រែចាស់ ដែលផ្ដើមកសាងថ្មី ដីពុំទាន់បានលើកខ្ពស់ យើងក៏ត្រូវធ្វើរបៀបគ្នាដែរ គឺជីកដីខ្នាតរណ្ដៅដូចគ្នា យកអាចម៍ដីតំរៀបជាភ្លឺខាង រហូតដល់លើជង្គង់ ។ រណ្ដៅទីនេះយកជំរៅតែ៦តឹក បានហើយ ។ បើខ្វះអាចម៍ដីតំរៀបជុំវិញអោយ ក្រាស់ អាចពង្រីករណ្ដៅយកអាចម៍ដីក៏បាន ។ យើងធ្វើរបៀបជាជីកស្រះលើកដីជាទួលដាំដំណាំដែរ ។ តែនេះជាកូនស្រះត្រូវលប់ វិញ ដោយដាក់គ្រឿងមានជីសព្វមុខ ដូចនិយាយពីរបៀបរៀបរណ្ដៅខាងលើ ហើយអាចបន្ថែមដីល្បាប់ ឬដីបាតបឹងចូលសង្កត់លប់ ជញ្ជ្រាំងវិញ ក៏រឹតតែប្រសើរឡើងទៀត ។
- រណ្ដៅទាំងអស់ត្រូវរៀបអោយហើយនៅខែទី៣ ដើម្បីទុកពេលអោយសំរាមពុក ។
- ការរៀបរណ្ដៅទាំង២យ៉ាងនេះ សមស្របលើប្រភេទដីគ្មានជីជាត់ល្អ រីឯដីណាដែលយើងយល់ថាល្អគ្រាន់បើហើយ ព្រោះឃើញ ដំណាំគេនៅជិតៗ ល្អគ្រាន់បើដែរនោះ នោះយើងអាចបន្ថយទំហំរណ្ដៅអោយតូចបន្តិចបាន ។
- នៅឆ្នាំទី១ ទី២ ទី៣ ត្រូវដាំពោតជិតរណ្ដៅល្អជាងទុកដីទទេ ។
ការដាំ
- នៅកណ្ដាលខែ៥ យើងអាចដាំបាន ។
- មុនដាំត្រូវជាន់រលាក់ខ្លួនសាកមើលសិន ដើម្បីអោយដឹងកម្រិតហាប់របស់វា ទើបយកដីកំប៉ុស២បង្គីដាក់ពីលើ ជ្រុំច្របល់លាយ ជាមួយដីលើរណ្ដៅអោយសព្វ ទើបកាយក្រឡុកកណ្ដាល ហើយស្រោចទឹកអោយជោកដល់ក្រោម ។
- ជៀសវាងការដាំលើជីសុទ្ធ ព្រោះនាំអោយឫសទ្រមក់ពុំព្រមចាក់ទៅឆ្ងាយ ។
- ពេលល្ងាចយើងស្រោចទឹក គាស់កូនមៀនដែលធំជាងគេ ស្រាលៗ ថ្នមកុំអោយដាច់ឫសខាងមកពិនិត្យមើល ប្រៀបធៀបគ្នា យកកូនណាដែលគល់រីកធំ ឫសខាងស្ញេះ កាត់ឫសកែវចោលដោយទុកតែ៣ធ្នាប់ ។ កូនត្រូវយក តោងកាត់ដើមចេញនៅត្រង់ស្លឹក ទី៤ ពីក្រោមឡើង ឬបើកូនមានមែកច្រើន ត្រូវកាត់មែកចោលទាំងអស់ រីឯចុងក៏កាត់ទុកតែស្លឹកមួយចំនួន ។ ការកាត់មែក ឬដើមចោលមួយចំនួនធំនេះមានប្រយោជន៍ណាស់ គឺមកពីការគាស់យកចេញក្រៅត្រូវដាច់ឫសឆ្មារច្រើន ដែលបណ្ដាលឲ្យទឹក និងជីឡើងមកចិញ្ចឹមដើមមិនគ្រប់ ទើបការកាត់មែក ឬដើមចោល ចាត់ជាការធ្វើអោយកូនមៀន មិនស្រេកឃ្លាន មិនធ្លាក់ខ្លួនបាក់ កំលាំង ។
- ប្រើអាចម៍ជន្លេនលាយទឹកផុកៗសម្រាប់ជ្រលក់ឫស ទើបដើមរហ័សស្ទុះ ។
- ក្នុង១រណ្ដៅដាក់កូន២ដើម ចំងាយពីគ្នា១ចំអាម ។
- ដាក់កូន តតាកឫស ហើយលប់ដីម៉ត់បំផុតមុន ទើបដីនេះក្ដោបឫសជិត ដែលធ្វើអោយឫសស្រូបទឹក ។ ស្រូបជីបានឆាប់ ។ លប់ដីបណ្ដើរ យកបាតដៃបង្ហាប់បណ្ដើរលុះត្រាកំពុង។ តែត្រូវអោយដីរលប់គល់លើស្នាមដីចាស់វាបន្តិច ។ មិនត្រូវកប់គល់ជ្រៅ ពេកទេ ។
- ធ្វើចង្អូរខាងជុំវិញកូន សំរាប់ស្រោចទឹក អោយធ្លាក់ចំចុងឫស ។
- ដាំរួច ស្រោចទឹកលើកទី១ អោយជោកទាំងអស់តាំងពីគល់ទៅ ។
ការថែទាំ
- គ្របរណ្ដៅដោយសំរាម ឬចំបើង រួចសង្កត់ជិតដោយធាងដូង ដើម្បីកុំអោយមាន់កកាយ និងបាំងថ្ងៃអោយវាផង ។
- ក្រោយៗមក ត្រូវស្រោចទឹករាល់ថ្ងៃ តាមចង្អូរជុំវិញ ដើម្បីទាញឫសវាចេញក្រៅឆាប់ ។
- កូនមៀនលូតលាស់យឺតជាងខ្នុរ
- ពេលកូនចេញត្រួយថ្មីបាន ១ ចង្អុរដៃហើយ ត្រូវបង្ហើបធាងដូង យកចបរៀបចង្អូរថ្មី ជារង្វង់ចេញក្រៅបន្តិច សំរាប់ស្រោចទឹក ។ ធ្វើនេះដើម្បីទាញឫស អោយចាកចេញតាមទឹក ។ ពេលលាស់ត្រួយថ្មីបាន២សារហើយ ត្រូវលែងស្រោចទឹក ដើម្បីអោយឫសចេញ កាន់តែលឿន នឹងចាក់ចុះក្រោម ។
- កូនមៀនកម្រឃើញសត្វអ្វីស៊ីស្លឹកវាណាស់ ។
ការផ្គត់ផ្គង់ទឹកនៅរដូវក្ដៅឆ្នាំទី ១
- នៅរដូវក្ដៅឆ្នាំទី១ យើងកុំស្រោចទឹក ។ ត្រូវអនុវត្តរបៀបប្រើប្រាស់ទឹកក្រោមដី ។ គឺត្រូវជំរះតត្រាយដី២ ឬ៣លើក រង្វង់ពីកូនមៀនជាង២ម៉ែត្រ នៅពេលអស់ទឹកភ្លៀង ។ បើកូនមៀនចាញ់ថ្ងៃត្រូវដោតធាងដូងបាំងពីខាងត្បូង ។
- ពីប្រាំងឆ្នាំទី២ទៅ នៅក្នុងរង្វង់ដាំមៀន ត្រូវកាប់ផ្លាក់ បកត្រឡប់កប់ទាំងសំរាម ចំនួន ២-៣ លើកនៅក្រោយពេលអស់ភ្លៀង ។
ការកាត់ដើមមៀន
- នៅដើមរដូវភ្លៀងឆ្នាំបន្ទាប់ គឺដាំបាន១ឆ្នាំហើយ ពេលស្លឹកចាស់ ត្រូវយកកាំបិតមុតជាទីបំផុតកាត់កូនមៀនត្រង់ក្រោមកាត់មុន២ ធ្នាប់ ចោលទាំងអស់ រួចលាបកំបោរមុខ ។ កាត់កុំស្ដាយ ព្រោះការស្រឡាញ់ដើមតូចនេះ គ្មានអ្វីល្អសូម្បីតែបន្តិច ។ កាត់ដើមចោល នេះគឺពង្រឹងភាពមាំទាំរបស់វា ។
- កាត់ដើមលាបកំបោរ (កំបោរហូបក៏បាន) រួចហើយត្រូវយកចប កាប់ផ្លាក់ដីក្រោរណ្ដៅ បកត្រឡប់ ពុំចាំបាច់បំបែក ដើម្បីអោយកំទេចសំរាមចូលលាយបណ្ដើរៗ និងដីធូរជ្រៅ ។
- ក្រោយប៉ុន្មានថ្ងៃ ខ្នែងថ្មីដុះស្ញេះ ។ ត្រូវរក្សាទុក ១ ដែលនៅលើគេ ក្នុងដើមនិមួយៗ បើសិនណារណ្ដៅនៅរស់កូនទាំង២ ។ បើរណ្ដៅនេះមានតែ១ដើម ត្រូវរក្សាទុកខ្នែង២ ខាងលើគេបំផុត១ និងខាងក្រោមគេបំផុត ១ដែលធំស្មើគ្នា។
- ខ្នែងចេញថ្មី បង្កើតជាដើមវិញយ៉ាងឆាប់ ហើយទ្រង់ទ្រាយល្អជាងមុន ។
- នៅឆ្នាំទី២ គឺការកាត់ជាលើកទី២ នៅពេលមានអាយុពេញ២ឆ្នាំ ត្រូវកាត់នៅកំពស់ខ្ពស់ជាងមុន១ទះ ។ បើកូនទំហំប៉ុនកូនដៃឡើង ត្រូវកាត់ដោយរណារអារដែក ។ អារម្ខាងអោយដាច់សាច់ពាក់កណ្ដាលសិន សឹមអារម្ខាងទៀតផ្ដាច់ ទើបមិនរយះសំបក ។ ត្រូវអារឬកាត់អោយមុខរណានៅពីលើស្នាមកន្ទួលគល់ស្លឹក ប៉ុនគ្រាប់អង្ករ ។
- ក្រោយកាត់ប៉ុន្មានថ្ងៃ ខ្នែងដុះថ្មី ។ យើងទុកតែ១ ដែលខ្ពស់បំផុតក្នុងដើមនិមួយៗ ។
- ពេលដើមថ្មីចេញបានលេចក្បាល ត្រូវទាញដើមវាព័ទ្ធគ្នា ២ ទៅ៣ព័ទ្ធ ហើយកាត់នៅត្រឹមដោះ ។ ថ្ងៃក្រោយយើងឃើញមៀនតែ១ ដើមរមួលចូលគ្នា ។
- ដោយសំណុំមៀនបែកសំយាយទាបៗ ត្រូវអោយវាបែកមែកត្រឹមដោះ ទើបល្អជាងការបែកពីក្រោម ។ បើអោយបែកពីក្រោម វាទើសទែងថ្ងៃក្រោយ ហើយជួនកាលត្រូវកាត់មែកធំខាងក្រោមចោលផង ដែលនាំអោយខាតផល វាទើសទែងថ្ងៃក្រោយ ហើយជួនកាលត្រូវកាត់មែកធំខាងក្រោមចោលផង ដែលនាំអោយខាតផល ក្នុងតំណាក់កាលដែលវាផ្លែ ។
- ខ្នែងថ្មីពីត្រឹមដោះឡើង ត្រូវរក្សាទុកពី៨ ទៅ១០មែក គ្រប់ទិសដូចឆ្អឹងឆ័ត្រ។
- ខ្នែងទី៨ ទៅ១០ នេះកាលបើចេញវែងហើយត្រូវបំពត់វាចេញខាង ។ វាកាន់តែទោរទាបពេលវាវែង ។
- តំណាក់នេះយើងទុកវាអោយបែកត្រសុំតាមចិត្តសិន ។
ការទ្រទ្រង់ដីឲ្យមានជី
- តាំងពីដាំរួចនៅគ្រាដំបូង ត្រូវរកពូជជន្លេនខ្វង់ដាក់សិន លុះដល់ពេលទឹកជោកជាំខ្លាំង ត្រូវរកពូជជន្លេនទ្រកមកដាក់ទៀត ។ ត្រូវធ្វើទីជុំវិញរណ្ដៅអោយសំបូរសំរាម ហើយធូរ ព្រមទាំងគ្របដោយធាងចេក ធាងដូង អោយដីសើមត្រជាក់ ទើបជន្លេននៅបាន ទាំងខែប្រាំង ។
- មានតែការធ្វើអោយជន្លេនកើនច្រើនទេ ជាវិធីល្អបំផុតដោយមិនចាំបាច់ចាយវាយលុយថែមហើយដំណាំល្អណាស់ ។ បើដីយើង មានអាចម៍ជន្លេនពោរហើយ នោះដំណាំយើងមិនចាញ់ដំណាំនៅតាមមាត់ទន្លេឡើយ ។
ការចេញផ្កាជាប់ផ្លែ
- ពេលណាមៀនផ្កាចោល១សារហើយ យើងត្រូវដឹងថា មៀនយើងពេញវ័យហើយ ។ ត្រូវបង្កើនស្បៀងអាហារអោយវាច្រើនទៀត ទើបឆ្នាំបន្ទាប់អាចជាប់ផ្លែ ។ បើយើងមិនបង្កើនជី ជូនឆ្នាំបន្ទាប់វាផ្កាចោលទៀត ។ លុះត្រាច្រើនឆ្នាំមានឫសចេញឆ្ងាយ ទើបអាច មានកំលាំងសំរាប់ផ្លែបានតិចតួច ។
- ការត្រៀមអោយមៀនផ្លែច្រើន គឺការប្រមូលកំទេចសំរាម ចំបើង ជញ្ច្រាំ ដើមផ្ទី ធាងចេក ធាងដូងគ្របលើដី ឆ្ងាយជាង១ ម៉ែត្រពី គល់ នៅពេលដែលយើងកាប់កប់ ត្រឡប់រួចនាក្រោយរដូវភ្លៀង ។ បាចសំបងខ្ចៅ ដូចព្រួសស្រូវរាល់២ឆ្នាំម្ដង ។
- ពេលផ្កាចេញស្រុះ ត្រូវយកផេះធាងដូង ឬផេះសំបកគ ឬផេះផ្ទី ៣ គីឡូ លាយទឹក១ប៉ោតស្រោចយឺតៗ ជុំវិញគល់ ។ យើងស្រោចជាតិក្បុងចាស់បន្តិចនេះ ដើម្បីអោយកាន់ក្ដឹបច្រើន ។
- បើផ្កាសក្បុសគ្រប់មែក ត្រូវកាត់មែកឆ្មារៗ ចង្អៀតចោលខ្លះ ព្រោះបើទុក ផ្លែមិនកាន់គ្រប់មែក ឬមានផ្លែតិចតួចតាមទងនិមួយៗ ដែលធ្វើអោយពីបាកនៅពេលច្រកផ្លែចូលក្នុងជាល ។
- ការកាត់ទងផ្កាចោលខ្លះនេះ ពុំអាចកំណត់បានទេ គឺវាអាស្រ័យលើទឹកដីរបស់យើង ។ កាលបើធ្វើបាន១សារ ២សារហើយ ទើបអាចកំណត់បានថា គួរទុកអោយកាន់ផ្លែប៉ុណ្ណា ។ ប៉ុន្តែត្រូវកំណត់ផែនការមិនយកផ្លែទងក្នុងមែកធំនីមួយៗ ដើម្បីឈានទៅយក ផ្លែច្រើនក្នុងទងនីមួយៗ ។ ធ្វើនេះប្រើជាលតិច ទើបជាការចំណេញជាង ។
កិច្ចការពារផ្លែ
- ពេលក្ដឹបចេញបានប៉ុនចង្កឹះ ត្រូវត្បាញជាលនៅពេលយប់ ។
- ពេលផ្លែប៉ុនម្រាមដៃ ឬមេដៃ យកជាលច្រកគ្រប់ទង ដើម្បីការពារជ្រឹង និងប្រចៀវ ។
- ជាលនេះពេលបេះហើយ អាចទុកប្រើឆ្នាំបន្ទាប់បាន ។
ការហូតផល
- មៀនអាចហូបបានបណ្ដើរឺ តាំងពីមិនទាន់ទំ តែមិនសូវផ្អែម និងមិនសូវក្រអូប ។ តែបើគេត្រូវការ អាចបេះមុនបន្តិចបាន ។
- ពេលល្អបំផុតគឺពេលផ្លែអោយក្លិនក្រអូប ទើបសាច់ផ្អែមខ្លាំង ។
- កាត់គល់ទងអោយវែងបន្តិច យកទាំងជាល ហើយជួនកាលគេដាក់លក់ទាំងជាល តែម្ដងដែលជាប្រការទាក់ទាញអ្នកទិញ ។
ការតាក់តែងមែកពេលបេះរួច និងមុនផ្កា
- ប្រមូលផលរួចត្រូវកាត់កូនមែកស្តុក និងខ្នែងថ្មីខាងក្នុងកុំអោយមានថែម ព្រោះមែកក្នុងមិនបានការ ។
- មុនចេញផ្កាត្រូវកាត់កូនមែកតូចៗចោល១សារទៀត ឬកាត់នៅពេលវាចេញផ្កា១ៗ ទើបមិនពិបាកកាត់ នៅពេលវាចេញផ្កាស្រោច ។
- មែកបំពង់ថ្លោសដុះឡើងលើ គួរកាត់ចេញ ដើម្បីកុំអោយសំណុំដើមខ្ពស់ ព្រោះបើវាខ្ពស់យើងពិបាកច្រកជាល ។
ការពង្រីកពូជដោយបំបៅ
- ដើមណាផ្លែល្អ យើងអាចបំបៅយកទៅដាំទៀតបាន ហើយហុចផលក្នុងរយៈពេលជាង២ឆ្នាំ ។ របៀបបំបៅដូចគ្នានិងការបំបៅ ពុទ្រាដែលបាននិយាយរួចហើយ ។ តាមខ្ញុំ បំបៅរបៀបនេះងាយជាងរបៀបបំបៅផ្សេងៗទៀត សំរាប់អ្នកមិនទាន់ប្រសប់ ។ មិនថាមៀនទេ ទោះមុខណាទៀតក្ដី ដែលយើងដាំល្អ ផលច្រើន ងាយប្រមូលប្រាក់ សូមបង្កើនមុខនោះថែមបន្តិចទៀត ហើយបន្ថយ មុខណាដែលគ្មានផលសោះ ។
ការដាំមៀន ៤ដើមនេះ ជាងការងារ១ទៀត ដែលធ្វើបានដោយពុំចាំបាច់ចងការប្រាក់គេទេ ។ ៤ដើមនេះហុចផលដល់យើងរាល់ឆ្នាំ វាស្មោះត្រង់ណាស់ ឥតមានបន្លំ ដូចយើងចងការយកលុយទៅរកស៊ីជាមួយគេ ដែលច្រើនតែគេបោក និងពិបាករកលុយអោយការ ប្រាក់គេនោះទេ ។ គួរតែធ្វើការរកស៊ីប្រវាស់គ្នាជាមួយដើមមៀន ។ ម្យ៉ាងទៀតនេះជាគំរោងមួយហុចមកវិញនូវសាច់ប្រាក់់ដុំ សំរាប់ អភិវឌ្ឍន៍គ្រួសារ ។ យើងមានគ្នាតិចមែន ប៉ុន្តែបើយើងចេះរួមដៃជាមួយដំណាំទាំងឡាយ ទោះពួកវាមិនចេះនិយាយក្ដី តែវាជាកំលាំង យ៉ាងធំ ដែលជួយរកលុយកាក់ មាសប្រាក់ អោយយើងរាល់ឆ្នាំ ៕
0 Comments