ដើម្បីជាការលើកទឹកចិត្តដល់សិស្សានុសិស្សក៏ដូចជាសិស្សជនជាតិដើមភាគតិចដែលមានការខ្វះខាតសម្ភារៈសិក្សានៅសាលារៀនបឋមសិក្សារកាត និងសាលារៀនបឋមសិក្សាព្រងិល ស្ថិតក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃសៅរ៍ ៤កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ៣០ ខែវិចិ្ឆកា ឆ្នាំ ២០១៩ ក្រុមយុវជនក្រវាញ លាស់ថ្មី បានប្រមូលជាមូលនិធិគ្នាជាថវិការដើម្បីយកទៅទិញសម្ភារៈសិក្សាចែកជូនដល់សិស្សានុសិស្សានៅទីនោះ ។ ដោយឡែកក្នុងមួយម្នាក់ៗទទួលបានសៀវភៅ ៣ក្បាល បន្ទាត់ ខ្មៅដៃ ប៊ិចខៀវ និងប៊ិចក្រហម ក្នុងកម្មវិធីនោះដែរក៏មានអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត ទី ថានី ជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកភ្នំក្រវាញ បានអញ្ជើញចូលរួមក្នុងកម្មវិធីនេះដើម្បីសំណេះសំណាលជាមួយសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងអាណាព្យាបាលសិស្ស ។ បន្ទាប់ពីឯកឧត្តមបានអញ្ជើញសំណេះសំណាលរួច តំណាងក្រុមយុវជនក្រវាញ លាស់ថ្មីមួយរូប បានមានប្រសាសន៍ថា ការសិក្សាគឺមានតម្លៃយ៉ាងធំធេងណាស់ ចំពោះអ្នកដែលមានចំណេះដឹង ដែលជាលទ្ធផលកើតចេញពីការសិក្សា គឺវាមានតម្លៃស្មើនឹងគ្រាប់ពេជ្រ ។ ដូច្នេះសូមប្អូនៗដែលជាសិស្សានុសិស្សត្រូវខិតខំសិក្សារៀនសូត្រឱ្យបានសកម្មបំផុត ដោយមិនត្រូវយកពេលវេលាដ៏ល្អនេះ ទៅប្រព្រឹត្តនូវអំពើអ្វីដែលជាការឥតប្រយោជន៍នោះឡើយ ។

Post អត្ថបទដោយ Heng sokthoeurn